អត្ថបទខ្លី៖ «អ្នកម៉ែ»

53

កូនមាសម្តាយ នៅពេលដែលកូនចាប់កំណើតក្នុងផ្ទៃរបស់ម៉ែដំបូង ម៉ែរំភើបខ្លាំងណាស់ៗ បេះដូងម៉ែលោតខុសធម្មតា កាន់តែបារម្ភ ខ្លាចកូនលូតលាស់ក្នុងផ្ទៃមិនបានល្អ។ ពេលមានរូបកូនក្នុងផ្ទៃ របស់ម៉ែធ្លាប់ហូប ម៉ែត្រូវកាត់បន្ថយព្រោះខ្លាចប៉ះពាល់ដល់កូន ពេលខ្លះត្រូវហូបរបស់ដែលម៉ែមិនសូវចូលចិត្ត ព្រោះចង់អោយកូនលូតលាស់បានល្អ។ យប់ខ្លះគេងមិនលក់ ចុកចង្កេះខ្នង ចុករោយសព្វប្រាណ តែម៉ែនៅតែប្រឹងតស៊ូដើម្បីកូនសំណព្វ។

កាលកូននៅតូច ម៉ែប្រើពេលវេលាម៉ែទាំងអស់ មើលថែទាំកូន បង្រៀននិយាយ ដើរ បំពេរកូនអោយកូនដេក ណែនាំ ប្រៀនប្រដៅ បង្ហាត់បង្ហាញផ្លូវល្អនិងផ្លូវអាក្រក់ គ្រប់យ៉ាងគឺម៉ែចង់អោយកូនមានអនាគតល្អ ភ្លឺស្វាងត្រចៈត្រចង់។ ម៉ែចាំមិនភ្លេចពេលកូនចេះនិយាយដំបូងថា «ម៉ែៗ» ម៉ែលឺហើយម៉ែសប្បាយចិត្តលើសពីអ្វីទាំងអស់។

តែអ្វីៗមិនដូចពីមុនទេកូន ថ្ងៃនេះកូនពេញរូបពេញរាង ក្រមុំកំលោះអស់ហើយ ម៉ែសប្បាយចិត្តដែលបានឃើញរូបកូនដល់ថ្ងៃនេះ។ កូនដឹងទេឥឡូវនេះ សក់ម៉ែប្រែជាស្កូវហើយ ភ្នែកម៉ែស្រវាំង មើលមិនច្បាស់ទេកូន សុខភាពម៉ែក៏មិនដូចមុនដែរកូន ឯត្រចៀកម៉ែស្តាប់រឹតតែមិនសូវលឺដូចមុនទៀត។

កូនសម្លាញ់ម៉ែ កូនត្រូវចាំណា៎ ៖​

« បើថ្ងៃមួយម៉ែនិយាយដដែលៗច្រើនដង សូមកុំធុញម៉ែអីណា ព្រោះថ្ងៃនោះ ដូចជាថ្ងៃដែលកូនកាលពីរៀននិយាយដំបូងចឹង »

«បើថ្ងៃមួយម៉ែដើរយឺតៗ ឬឈរមិនសូវបានយូរ សូមកុំធុញម៉ែអីណា ព្រោះថ្ងៃនោះ ដូចជាថ្ងៃដែលកូនរៀនដើរអញ្ចឹង»

«បើថ្ងៃមួយម៉ែហូបស្រក់ប្រឡាក់ខោអាវ សូមកុំធុញម៉ែអីណា ព្រោះថ្ងៃនោះ ដូចជាថ្ងៃដែលកូនរៀនកាន់ស្លាបព្រាហូបអាហារអញ្ចឹង»

ម៉ែមិនចង់បានអ្វីពីកូនទេ ម៉ែគ្រាន់តែចង់ប្រាប់កូនថា កូនជាគ្រប់យ៉ាងរបស់ម៉ែ មានកូននៅក្បែរ គឺម៉ែមានអ្វីគ្រប់បែបយ៉ាងហើយ។ ម៉ែនៅតែបារម្ភ ទោះកូនអាយុប៉ុន្មានក៏ដោយ ព្រោះក្នុងចិត្តម៉ែ កូននៅតែក្មេងជានិច្ច។

តើកូនទន់ភ្លន់ជាមួយម៉ែបន្តិចបានទេ បើម៉ែប្រែប្រួលខុសពីអ្វីដែលកូនធ្លាប់ឃើញពីមុន?

អត្ថបទដោយ​៖​ សុជាតិ(ឥន្ទ្រថាម)