អស់ចម្ងល់ ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមអាចបត់ស្តាំបានដែរឬទេ? ជិះបើកភ្លើងពេលថ្ងៃ ប៉ូលីសផាកពិន័យដែរឬអត់?

30

ករណីទី1 ៖​ ស្តុបក្រហមអាចបត់ស្តាំបានឬអត់?

ប្រិយមិត្តប្រហែលធ្លាប់បានដឹងនិងលឺរួចមកហើយថា ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមអាចបត់ស្ដាំបាន ប្រសិនបើគ្មានឧបសគ្គនៅខាងមុខ ។ ចុះហេតុអ្វីពេលបត់ទៅនគរបាលចរាចរណ៍នៅតែផាកពិន័យ?

ទាក់ទងនឹងករណីនេះមន្ទីរសាធារណការ និងដឹកជញ្ជូន បានធ្វើការបកស្រាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីភ្លើងសញ្ញាចរាចណ៍ទាំងនោះ។

ដោយយោងតាមមាត្រាទី11បានឲ្យដឹងថា ៖ « ភ្លើងសញ្ញាបញ្ចេញពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្នត្រៀមឈប់ ពន្លឺពណ៌បៃតង ជាសញ្ញាអនុញ្ញាតអោយយានជំនិះចេញដំណើរ ពន្លឺពណ៌ក្រហមជាសញ្ញាឃាត់អោយឈប់

ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ។ បើគ្មានឧបសគ្គ នៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ »

1- ភ្លើងពណ៌ក្រហម គ្មានសញ្ញា ព្រួញបញ្ជាទិស បើគ្មានឧបសគ្គ នៅខាងមុខ យានជំនិះ ខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន

2- ភ្លើងមានសញ្ញព្រួញ ពណ៌ក្រហមហាមបត់ ស្ដាំ យានជំនិះគ្រប់ប្រភេទ មិនអាចបត់ស្ដាំបានឡើយ

ករណីទី2 ៖​ តើជិះបើកភ្លើងពេលថ្ងៃ ប៉ូលីសផាកពិន័យដែរឬអត់?

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្នុងវេទិកាស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទទក ដោយមានលោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃ ឱ្យមហាជនបានដឹងយ៉ាងដូច្នេះថា៖«ធម្មតា យានយន្តដែលនាំចូលពីបរទេស នៅបណ្តាប្រទេសអភិវឌ្ឍន៍ ឡានសាមញ្ញ ឬ ឡានជជុះមួយទឹក ដែលភាគច្រើនយើងនាំចូលពីសហរដ្ឋអាមេរិក ហើយនៅបណ្តាប្រទេសអភិវឌ្ឍន៍ សូមជម្រាបថា ច្បាប់តម្រូវឲ្យបើកភ្លើងពេលថ្ងៃ ដែលអង់គ្លេសហៅថា (Day Light) ដោយភ្លើងនេះគឺបើកជាប់រហូតតែម្តង បិទអត់បានទេ» ។

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បន្តថា៖ «សូមជម្រាបថា ភ្លើងពេលថ្ងៃនេះ មិនមែនជាភ្លើងហ្វា ហើយក៏មិនមែនជាភ្លើងកូតនោះដែរ គឺជាភ្លើងពេលថ្ងៃ ហើយភ្លើងហ្នឹងគឺបើកជាប់រហូតតែម្តង គឺគ្មានកុងតាក់បិទទេ។ នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍គឺតម្រូវឱ្យមាន ហើយគោលបំណងក្នុងការបំពាក់ភ្លើងពេលថ្ងៃហ្នឹង គឺដើម្បីធានាសុវត្ថិភាព ក្នុងការបើកបរទេ ដើម្បីមើលឃើញពីចម្ងាយ ឃើញភ្លើងអ៊ីចឹងទៅ ដើម្បីឱ្យយើងមានការប្រុងប្រយ័ត្ន » ។

លោកឧត្តមសេនីយ៍ត្រីបានបន្ថែមទៀតថា៖ «ហើយសូមជម្រាបថា នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុក្រឹត្យលេខ៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្ដ្រីនគរបាលចរាចរណ៍ ធ្វើការផាកពិន័យ ទៅលើភ្លើងពេលថ្ងៃនោះទេ»។ 

លោកក៏បានបន្ថែមទៀតថា៖ ”ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីយើងភ្លេចបិទភ្លើងកូតក៏ដោយ (ធម្មតាឡានម៉ូតូយើងបើកភ្លើង ព្រលឹមឡើងធ្វើដំណើរភ្លេចបិទ ភ្លើងដែលយើងសល់ពីយប់ហ្នឹង ក៏មន្ដ្រីនគរបាលមិនពិន័យដែរ ហ្នឹងសូមជម្រាបឲ្យច្បាស់អ៊ីចឹង កុំមានការបារម្ភ នគរបាលមិនពិន័យទេ បើទោះបីភ្លើងហ្ស៊ីនមកពីនាយក៏ដោយ»

សូមទស្សានវិដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ សុជាតិ(ឥន្ទ្រថាម)