ក្រោយរកឃើញមន្រ្តីជាន់ខ្ពស់បន្តបន្ទាប់នៅក្រសួងមហាផ្ទៃមានខ្លះជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ ១៩ ក្នុងសហគមន៍ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាពីលទ្ធភាពបិទផ្នែកណាមួយនៃក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការឆ្លងសហគមន៍កាន់តែច្រើនឡើងៗ។ នេះបើតាមសារសំឡេងរបស់សម្តេចបង្ហោះដោយក្រសួងសុខាភិបាល។

សម្តេច បានបញ្ជាក់ថាក្រសួងសុខាភិបាលពុំអាចបញ្ជាក់ថាតើការឆ្លងនិងចម្លងជំងឺកូវីដ ១៩ របស់ភរិយាប្រធានអគ្គនាយកពន្ធនាគារនៅក្នុងសហគមន៍ក្នុងប្រទេសកម្ពុជាលើកដំបូងថ្មីៗនេះ មានប្រភពពីភ្នំពេញឬពីសៀមរាបនោះឡើយ។ ចំនួនអ្នកឆ្លងកូវីដ ១៩ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនិងក្រុមគ្រួសារអគ្គនាយកពន្ធនាគារមានចំនួន ៨ នាក់ហើយ ដែលហេតុការណ៍នេះសម្តេចចាត់ទុកថាជាករណីធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជា តាំងពីកូវីដ ១៩ មានវត្តមានក្នុងប្រទេសកម្ពុជាពីដើមឆ្នាំ ២០២០ នេះ។លើសពីនេះសម្តេចបានបញ្ជាក់ថា សម្តេចកំពុងពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីសម្រេចបិទផ្នែកណាមួយឬទាំងស្រុងរបស់ក្រសួងមហាផ្ទៃ ហើយអនុញ្ញាតឲ្យមន្រ្តីធ្វើការពីផ្ទះមកតែម្តង។ មានរដ្ឋមន្រ្តីជាន់ខ្ពស់និងមន្រ្តីក្រោមឱវាទជាច្រើនមានជាប់ពាក់ព័ន្ធលើករណីដ័ស្រួចស្រាវនេះ ដោយរួមទាំងសម្តេចក្រឡាហោម ស ខេង និងអ្នកពាក់ព័ន្ធប្រហែល ៩០ នាក់ ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ហើយក្រសួងសុខាភិបាលបានយកសំណាកអ្នកទាំងនោះទៅពិនិត្យដើម្បីរកវីរុសកូវីដ ១៩។សម្តេចបន្ថែមទៀតថា ចំពោះសម្តេចផ្ទាល់នៅតែចូលរួមក្នុងពិធីបើកការដ្ឋានធ្វើផ្លូវនៅសៀមរាប តែចំនួនមនុស្សត្រូវបន្ថយពី ១ ០០០ នាក់មកត្រឹម ១៥០ នាក់ប៉ុណ្ណោះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ ១៩ ដែលកំពុងតែបង្កព្យុះភ្លៀងនៅកម្ពុជានេះ៕
